កាលបរិច្ឆេទ: ០៨ កុម្ភៈ ២០២៣
នៅតាមឱសថស្ថាននានានៃប្រទេសបេណាំង ថ្នាំបំបាត់ការឈឺចុកចាប់គីណាល់ដែលជាឱសថនាំមុខគេរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម ឧស្សាហ៍អស់ពីស្តុកណាស់។ ប៉ុន្តែមិនមែនដោយសារតែមានបញ្ហាផ្នែកចែកចាយឱសថនោះទេ។ មូលហេតុពិតប្រាកដគឺដោយសារតម្រូវការកើនឡើងខ្លាំងសម្រាប់ឱសថមួយប្រភេទនេះ ដែលសម្រាប់ព្យាបាលការឈឺចុកចាប់កម្រិតមធ្យម ដូចជាឈឺក្បាល ឈឺធ្មេញ ឈឺឆ្អឹងឆ្អែង ឈឺសាច់ដុំ និងគ្រុនក្តៅជាដើម ហើយគីណាល់អាចប្រើបានចំពោះមនុស្សចាស់ និងក្មេងអាយុចាប់ពី១៥ឆ្នាំឡើងទៅ។
គឺភ្នាក់ងារ Syaro ដឹកនាំដោយលោក Sylvain Sehou ជាអ្នកណែនាំផលិតផលគីណាល់ឲ្យគេស្គាល់នៅប្រទេសបេណាំង ព្រោះថាសហគ្រាសផលិតឱសថប៉េប៉េអឹមបានប្រគល់ឲ្យភ្នាក់ងារជាអ្នកចែកចាយឱសថនៅប្រទេសនេះ។ ភ្នាក់ងារ Syaro មិនត្រឹមតែណែនាំផលិតផលគីណាល់ដល់អ្នកគ្រូពេទ្យដែលចេញវេជ្ជបញ្ជាប៉ុណ្ណោះទេ គឺថាចាប់តាំងពីជាងពីរឆ្នាំមកនេះ ភ្នាក់ងារបានធ្វើកាយ៉ាងសស្រាក់សស្រាំធ្វើឲ្យគីណាល់មានវត្តមាននៅក្នុងប្រអប់ថ្នាំប្រចាំគ្រួសារថែមទៀតផង។
លោក Sylvain Sehou មានប្រសាសន៍ពន្យល់យ៉ាងដូច្នេះ៖ «ចាប់ផ្តើមដំបូង យើងបានផ្តោតទៅលើកម្មករលីលែង ជាងកំបោរ អ្នករត់រឺម៉កតាក់ស៊ី អ្នកធ្វើការធ្ងន់ៗ អាជីករ ស្រ្តីៗដែលលក់ដូរនៅតាមផ្សារជាដើម។ ពីរដងក្នុងមួយសប្តាហ៍ យើងបានចុះទៅជួបពួកគាត់ និងបានចែកចាយថ្នាំគីណាល់ម្នាក់មួយបន្ទះដោយឥតគិតថ្លៃ ព្រមទាំងបានពន្យល់ពួកគាត់ពីរបៀបប្រើប្រាស់ និងណែនាំពួកគាត់ឲ្យទៅរកទិញនៅតាមឱសថស្ថាននានានៅពេលណាដែលពួកគាត់ត្រូវការ»។
លោក Sylvain Sehou កត់សម្គាល់ផងដែរថា បច្ចុប្បន្នថ្នាំគីណាល់លក់ដាច់ខ្លាំងណាស់ ព្រោះឥឡូវប្រជាពលរដ្ឋបេណាំងភាគច្រើនសុទ្ធតែមានថ្នាំនេះមួយឬពីរបន្ទះជាប្រចាំនៅគេហដ្ឋាន។ លោកបន្តទៀតថា ចំណែកឯឱសថស្ថានវិញប្រញាប់ប្រញាល់បញ្ជាទិញទុកក្នុងស្តុក អ៊ីចឹងហើយបានជាថ្នាំគីណាល់អស់ពីស្តុកចែកចាយ បើទោះបីជាក្រុមហ៊ុនចែកចាយធំៗបានបញ្ជាទិញទុកក្នុងស្តុកច្រើនយ៉ាងណាក៏ដោយ៕